ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨

ការបញ្ចូលគ្នារវាង ក្រុមហ៊ុន Digi និងក្រុមហ៊ុន SingMeng សម្រាប់កំណែទម្រង់សេវាអ៊ីនធឺណិត ប្រ៊តប៊ែន និងការកម្សាន្តបែបឌីជីថលលើទីផ្សារព្រះរាជាណាចក្រកម្ពុជា

ក្រុមហ៊ុន Digi កំពុងធ្វើសេចក្តីជូនដំណឹងព័ត៌មានអំពីប្រតិបត្តិការបញ្ចូលសេវារបស់ខ្លួនជាមួយក្រុមហ៊ុន SingMeng Telemedia ។ ផែនការសហប្រតិបត្តិការនេះនឹងមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៨ នេះតទៅ។ ក្រុមហ៊ុនផ្តល់សេវាទាំងពីរនេះនឹងសហការគ្នាបង្កើតជាក្រុមហ៊ុនផ្តល់សេវាឈានមុខគេតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ជូនសេវាពិសេសជាងគេ មានច្រើនជម្រើស នៅទូទាំងប្រទេស រួមមានអ៊ីនធឺណិតប៊្រតប៊ែន ទូរទស្សន៍ កម្មវិធីកម្សាន្តទូរទស្សន៍ និងខ្សែភាពយន្តលើទូរសព្ទដៃ សំឡេង និងដំណោះស្រាយសម្រាប់សហគ្រាសឆ្លាតវៃ ។

តើការបញ្ជូលគ្នានេះ មានប្រយោជន៍អ្វីខ្លះសម្រាប់អតិថិជន?

ខណៈដែលក្រុមហ៊ុន SingMeng ទិញយកក្រុមហ៊ុន Digi នៅខែតុលាខាងមុខនេះ ប្រតិបត្តិការបញ្ចូលគ្នាមួយនេះនឹងផ្តល់ជម្រើសដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ពង្រីកមូលដ្ឋានអតិថិជន តាមរយៈការលើកទឹកចិត្តដល់អតិថិជនឲ្យមានបទពិសោធន៍ប្រើប្រាស់សេវាកាន់តែល្អប្រសើរ និងគ្មានដែនកំណត់ សម្រាប់អតិថិជនរបស់ក្រុមហ៊ុនទាំងពីរ។

SingMeng ទទួលបានជោគជ័យជាច្រើនឆ្នាំលើសេវា Triple Play និង Smart TV របស់ខ្លួន។ ដោយធា្លប់មានបទពិសោធន៍ក្នុងការបើកដំណើរការសេវាទូរទស្សន៍ 4K Ultra High-Definition (UHD) ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៧ និងសេវាទូរទស្សន៍ និងភាពយន្តលើទូរសព្ទដៃក្នុងឆ្នាំ ២០១៨ ដែលកន្លងមក ក្រុមហ៊ុន SingMeng ក៏មានឈ្មោះល្បីល្បាញខាងផ្ដល់សេវា Smart Community Platform បន្ថែមលើសេវា Triple Play របស់ខ្លួនផងដែរ។ SingMeng ក៏មានផ្តល់សេវាអ៊ីនធឺណិត និងសេវាអ៊ីនធឺណិតប៊្រតប៊ែនដ៏ល្បីល្បាញ ក៏ដូចជា សេវាខ្សែភាពយន្តនិងទូរទស្សន៍ On the Go និងសេវាទូរសព្ទតាមអ៊ីនធឺណិត(VoIP) ដែលតភា្ជប់បណ្តាញខ្សែកាបអុបទិករហូតដល់ទៅជាង 6.000 គីឡូម៉ែត្រនៅទូទាំងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះដែរ Digi ជាក្រុមហ៊ុនឈានមុខគេលើទីផ្សារអ៊ីនធឺណិតតាមផ្ទះនៅកម្ពុជា តាំងពីឆ្នាំ២០០៨មកម្លេះ ហើយក្រុមហ៊ុននេះបានបង្កើតទីផ្សារលក់រាយដ៏សកម្មមួយ ជាមួយសេវា Triple Play របស់ SingMeng។ ស្របពេលកំពុងប្រើបច្ចេកវិទ្យាអ៊ីនធឺណិតហ្វៃប៊័រតាមផ្ទះ (FTTH) បច្ចុប្បន្ននេះ ក្រុមហ៊ុន Digi ក៏ផ្តល់ជូនសេវាអ៊ីនធឺណិតរហ័ស និងទំហំគ្មានដែនកំណត់។

ខណៈដែលក្រុមហ៊ុន Digi ផ្តោតចម្បងលើការផ្តល់សេវាជូនអតិថិជនដល់ផ្ទះ ប្រតិបត្តិការបញ្ចូលគ្នានេះនឹងធ្វើឲ្យសេវា Triple Play របស់ SingMeng អាចជ្រៀតចូលបានកាន់តែច្រើន ទៅដល់ប្រជាជនកម្ពុជារាប់ពាន់គ្រួសារបន្ថែមទៀត។

ពាណិជ្ជសញ្ញា Digi នៅតែត្រូវបានរក្សាទុក និងការផ្លាស់ប្តូរនេះនឹងប្រព្រឹត្តទៅដោយរលូន ព្រមទាំងផ្តល់អត្ថប្រយោជន៍សម្រាប់អតិថិជនចាស់។ អតិថិជនទើបជាវសេវានឹងងាយកត់សម្គាល់ឃើញពីភាពប្រសើរឡើងក្នុងការប្រើប្រាស់សេវា រួមជាមួយ នឹងសេវាជាច្រើនផ្សេងទៀត ដែលកំពុងផ្តល់ជូនផងដែរ។

កំណត់សម្គាល់សំខាន់ៗ៖ អតិថិជន Digi នឹងមិនតម្រូវឲ្យធ្វើអ្វីមួយពាក់ព័ន្ធនឹងការបញ្ចូលគ្នានេះទេ - សេវាអ៊ីនធឺណិតបច្ចុប្បន្ន ការចុះវិក្កយបត្រ គណនី និងបណ្តាញទូទាត់ប្រាក់នៅរក្សាដូចធម្មតា។

ការសម្លឹងមើលខាងក្នុង

ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតទាំងពីរសូមបង្ហាញពីទឹកចិត្តរំភើបរីករាយចំពោះការបញ្ចូលគ្នានេះ។

លោកស្រី Sarah Xiaohua Wang ប្រធាន និងជានាយិកាប្រតិបត្តិក្រុមហ៊ុន SingMeng បានមានប្រសាសន៍ថា "ការទិញយកក្រុមហ៊ុន Digi នឹងមិនត្រឹមតែណែនាំពីសេវាកម្សាន្ត និងសេវា Triple Play របស់ SingMeng ដល់អតិថិជន Digi ប៉ុណ្ណោះទេ ក៏ប៉ុន្តែនឹងអាចឲ្យយើងផ្តល់ជម្រើសកាន់តែច្រើនជូនដល់ប្រជាជនកម្ពុជា។

ក្រុមហ៊ុន SingMeng ប្តេជ្ញាវិនិយោគលើការច្នៃប្រឌិត និងបង្កើតឲ្យមានស្តង់ដារសេវាលំដាប់អន្តរជាតិនៅលើទីផ្សារក្នុងស្រុក។

ខុសពីប្រតិបតិ្តការដទៃទៀត ដែលសំអាងលើការកាត់បន្ថយការចំណាយហួសប្រមាណ ការបញ្ចូលគ្នានេះផ្តោតលើការរីកចម្រើន ដែលនឹងបង្កើតឱកាសកាន់តែច្រើនសម្រាប់បុគ្គលិក ខណៈដែលយើងនឹងបម្រើសេវាជូនដល់អតិថិជនកាន់តែច្រើន ឲ្យបានច្រើនកន្លែងថែមទៀត។

គន្លឹះនៃភាពជោគជ័យរបស់យើងដែលមានកន្លងមក នឹងក៏នៅតែបន្ត នោះគឺជាកត្តាធនធានមនុស្ស។ដោយសព្វថ្ងៃមានបុគ្គលិកជាតិចំនួន ៩៥% កំពុងបម្រើការបន្ទាប់ពីការបញ្ចូលគ្នានេះ ហើយក្រុមហ៊ុនSingMeng នឹងបន្តអភិវឌ្ឍសមត្ថភាព និងកសាងភាពជាអ្នកដឹកនាំជូនដល់បុគ្គលិកជាតិ ក៏ដូចជាបង្កើនភាពជាដៃគូក្នុងតំបន់ផងដែរ។

យើងក៏នឹងពង្រីកកម្មវិធីទទួលខុសត្រូវលើកិច្ចការសង្គម និងកម្មវិធីអប់រំនានាផងដែរ។ គោលដៅរបស់យើងគឺធ្វើឱ្យប្រទេសកម្ពុជាក្លាយជាកន្លែងរស់នៅកាន់តែល្អប្រសើរជាងមុន”។

ស្រដៀងគ្នានេះដែរ លោក Andrey Sheen នាយកប្រតិបត្តិក្រុមហ៊ុន Digi បានបញ្ជាក់ថា "យើងរំពឹងថា នឹងសម្រេចបាននូវការច្នៃប្រឌិតថ្មីៗ ដែលអាចផ្លាស់ប្តូរឧស្សាហកម្ម តាមរយៈការចូលរួមជាមួយក្រុមហ៊ុន SingMeng។ អតិថិជនច្បាស់ជាពេញចិត្ត ពីព្រោះការបញ្ចូលគ្នានេះនឹងបង្ហាញប្រាប់អតិថិជនថា យើងពិតជាយកចិត្តទុកដាក់ផ្តល់ឱ្យពួកគាត់នូវជម្រើសកាន់តែច្រើន សេវាកាន់តែល្អ ហើយមានតម្លៃសមរម្យបំផុត"។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន សូមចូលទៅកាន់គេហទំព័រ Digi និង SingMeng www.smtelemedia.com និង www.digi.com.kh